ប្រេស៊ីលជំរុញឱ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ និងឈានទៅរកការដោះស្រាយបញ្ហា និងវិលមករកប្រក្រតីភាពឡើងវិញ

ភ្នំពេញ)៖ អគ្គរដ្ឋទូតប្រេស៊ីល បានអះអាងថា រដ្ឋាភិបាលប្រេស៊ីល គាំទ្រនូវការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជានិងថៃ ដោយជំរុញឱ្យប្រទេសទាំងពីរគោរពនូវបទឈប់បាញ់ ហើយឈានទៅរកការដោះស្រាយបញ្ហា វិលមករកប្រក្រតីភាពឡើងវិញ។

លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា បានចូលជួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីជូនសារតាំង។

នៅក្នុងជំនួបនេះសម្ដេចតេជោក៏បាន ជម្រាបជូនលោកស្រីអគ្គរដ្ឋទូត អំពីបញ្ហាព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវនៃបញ្ហានាពេលកន្លងមក។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជាមួយគ្នានោះលោកស្រីអគ្គរដ្ឋទូត ក៏បានឆ្លើយតបជាមួយសម្ដេចតេជោថា ប្រេស៊ីលគឺគាំទ្រនូវការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដោយលោកជំទាវជំរុញឱ្យភាគីទាំងពីរគោរពនូវបទឈប់បាញ់ ហើយឈានទៅរកការដោះស្រាយបញ្ហា វិលមករកប្រក្រតីភាពឡើងវិញ។

កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីផ្ទុះអាវុធរយៈពេល៥ថ្ងៃ ដែលបណ្តាលមកពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ភាគីទាំងពីរក៏បានបន្តចុះកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

ទោះជាយ៉ាងនេះក្តី បទឈប់បាញ់នេះ នៅតែផុយស្រួយនៅឡើយ ដោយភាគីថៃ នៅតែបន្តរាយបន្លាលួសចូលដែនអធិបតេយ្យកម្ពុជា និងចូលមកភូមិឋាន ដែលមានប្រជាពលរដ្ឋរស់នៅ។

កាលពីពេលថ្មីៗនេះ យោធាថៃ បានចូលមករាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយហ៊ុំព័ទ្ធផ្ទះប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារ។ ហេតុការណ៍នេះ បានបណ្តាលឱ្យមានការតវាពីប្រជាពលរដ្ឋខ្មែរ ដែលការពារដីនិងលំនៅដ្ឋានរបស់ពួកគេ តែត្រូវបានយោធា និងប៉ូលិសថៃ អនុវត្តច្បាប់អាជ្ញាសឹករបស់ថៃ ដោយប្រើហិង្សា កាំភ្លើងគ្រាប់ជ័រ និងជំពាមកៅស៊ូ បណ្តាលឱ្យ កងកម្លាំងមិនប្រដាប់ដោយអាវុធ ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ប្រមាណ២៨អង្គ/នាក់ បានរងរបួសធ្ងន់ស្រាល៕

Leave a Reply

Your email address will not be published. Required fields are marked *