សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូននាយករដ្ឋមន្ត្រីចិន ក្នុងឱកាសខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារជូន ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏រីករាយនៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចមហាបវរធិបតី បានផ្ញើសារថា «ឯកឧត្តមជាទីរាប់អាន! ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម និងប្រជាជនចិនជាមិត្ត ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន»។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនិស្តចិន និងឯកឧត្តម សាធារណរដ្ឋប្រជាមានិតចិន មានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ ដោយសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី១ នៅឆ្នាំ២០២១។ ជាការពិតណាស់ ប្រទេសចិន កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី២ នៅឆ្នាំ២០៤៩ ក្នុងពេលដែលប្រទេសចិនកំពុងដើរតួនាទីសំខាន់ និងកាន់តែលេចធ្លោ នៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈគំនិតផ្តួចផ្តើមចម្បងៗ ដែលលើកកម្ពស់ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសន្តិភាព និង ចីរភាពសកល។

កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន។ ក្នុងស្មារតីនេះ យើងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញឱ្យសម្រេចបានគោលដៅនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលនាំមកនូវវិបុលភាពយូរអង្វែងដល់ប្រជាជនរបស់យើង និងរួមចំណែក ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរឯកឧត្តមទទួលបាននូវសុខភាព ល្អបរិបូណ៌ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម៕

Leave a Reply

Your email address will not be published. Required fields are marked *