
ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលប្រវត្ដិសាស្ដ្រកម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ២០០០លានដុល្លារអាមេរិក ជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរហើយ។
ក្នុងឱកាសបើកដំណើរការនេះ ប្រជាពលរដ្ឋដែលបានចូលមកទស្សនា និងអ្នកដែលត្រូវហោះហើរទៅក្រៅប្រទេស សុទ្ធសឹងតែបង្ហាញនូវទឹកមុខសប្បាយរីករាយ និងក្ដីរំភើបចំពោះវត្ដមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលភាពទំនើបប្រឌិត និងធំទូលាយ ជាមួយនឹងរចនាបទបែបខ្មែរដ៏ស្រស់ស្អាត។
ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើង។
អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតីតែម្តង។
តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤គីឡូម៉ែត្រ មានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥។
ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀត នឹងបង្កើនសមត្ថភាពអ្នកដំណើរដល់៣០លាននាក់ នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទីបី អាកាសយានដ្ឋាននេះ នឹងពង្រីកបន្ថែមទៀត ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបាន រហូតដល់៤៥លាននាក់ នៅឆ្នាំ២០៥០។
បន្ទាប់ពីអាកាសយានដ្ឋានមួយនេះ បើកដំណើរការគេរំពឹងថា ក្រៅពីការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅកម្ពុជា ក៏ដើរតួនាទីសំខាន់ ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត ដូចជា វិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ជំរុញការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងការធ្វើពាណិជ្ជកម្មនានា ជុំវិញតំបន់នោះជាដើម៕

