
ស្វាយរៀង ៖ អង្ករចំនួន៤តោន ២០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទ័មុន្នី ត្រូវបានឯកឧត្តម ហង់ ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា នាំមកយកទៅប្រគេនដល់ព្រះសង្ឃចំនួន១៤វត្ត ក្នុងឪកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នៅខេត្តស្វាយរៀង រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ញ៉ែម សារី អភិបាលរងខេត្ត និងព្រះវិសុទ្ធិញ្ញាណ មុំ យយ ព្រះមេគណខេត្តស្វាយរៀងផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមហង់ ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបាននាំមកនូវបណ្ដាំផ្ញើសាកសួរ ពីសំណាស់ សម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិតប្រគេនព្រះសង្ឃ និងជូនចំពោះលោកតា គណៈកម្មការអាចារ្យទាំងអស់ដែលនិមន្តនិងអញ្ជើញមកទទួលអង្កនៅពេលនេះដោយក្តីនឹករលឹក។
ឯកឧត្តមបាន បញ្ជាក់ថា ការប្រគេនអង្កររបស់សម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នៅពេលនេះ គឺជាទម្លាប់តែងតែប្រគេនជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនៅទូទាំងប្រទេសតាមរយៈក្រសួង មន្ទីរ និងក្រុមការងារដើម្បីផ្សារភ្ជាប់ក៏ដូចជារួមចំណែកសន្សំកុស ពិសេសរួមសម្រាលដល់វត្តក្នុងការរៀបចង្ហាន់ប្រគេនដល់ព្រះសង្ឃ។
ក្នុងឱកាសប្រគេនអង្ករដល់វត្តទាំង១៤ ព្រះវិសុទិ្ទញ្ញាណមុំ សយ ព្រះមេគណខេត្តស្វាយរៀង តំណាងព្រះសង្ឃ និងគណៈកម្មការវត្ត មានសង្ឃដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរ និងនាំយកទេយ្យទាន អង្ករ ប្រគេនព្រះសង្ឃចំនួន ១៤វត្ត នៅក្នុងខេត្តស្វាយរៀង
សូមបញ្ជាក់ថាអំណោយរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទ័មុន្នី ប្រគេនព្រះសង្ឃទាំង ១៤ វត្តក្នុងមួយវត្តទទួលបានអង្ករចំនួន ៣០០ គីឡូក្រាម៕

