
កំពង់ឆ្នាំ ៖ ទេយ្យទានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ផ្តល់តាមរយះក្រសួងធម្មការ និងសាសនា សម្រាប់វេប្រគេនដល់ព្រះសង្ឃសម្រាប់៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ធលេខាធិការក្រសួងធម្មការ និងសាសនាតំណាងឯកឧត្តម រដ្ធមន្រ្តី បាននាំយកទៅប្រគេនព្រះសង្ឃចំនួន៣៦វត្តនៅក្នុងខេត្តកំពង់ឆ្នាំង កាលពី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានសម្តែងនូវអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលមានសទ្ធាជ្រះថ្លាប្រគេន នូវអង្ករ ដល់ព្រះសង្ឃនៅខេត្តកំពង់ឆ្នាំង ដើម្បីផ្គត់ផ្គង់ព្រះសង្ឃនៅតាមវត្តនានាទាំង៣៦ នាក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនាពេលនេះ ។ ដែលសទ្ធាជ្រះថ្លាទាំងនេះបានផ្តល់នូវភាពប្រសើរឡើងដល់វត្តក្នុងការផ្តត់ផ្គង់ព្រះសង្ឃ ទាំងពេលភ្ជុំ និងក្រោយភ្ជុំរួចរាល់ផងដែរ ។
ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ធលេខាធិការក្រសួងធម្មការ និងសាសនាតំណាងឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងថា ការពិតស្ថានភាពសង្គម សេដ្ឋកិច្ច តំបន់ និងពិភពលោក បាននិងកំពុងទទួលរងនូវបាតុភាពជាច្រើន ដែលបណ្តាលឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ពិភពលោក និងបរិស្ថានជាដើម។
ឯកឧត្តមបន្តថា ដោយសភាពការណ៍នេះក៏បានជះឥទ្ធិពលមួយចំនួនមកលើប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា ដូច្នេះហើយបានជារាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនៅយុទ្ធសាស្រ្តបញ្ចកោណដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងនោះផងដែរ វិស័យពុទ្ធចក្រក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់គិតគូរគ្រប់កាលៈទេសៈ៕

